
ភាពប្រែប្រួលរបស់លោកដូណាល់ ត្រាំ ជាមួយកូរ៉េខាងត្បូង ផ្តល់ភាពចំណេញដល់នយោបាយការទូតនឹងនរបស់ចិន
លោកវ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើមទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩សីហា។ ទស្សនកិច្ចនេះត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យបំផុត ដែលវាជួនចំពេលដែលលោកដូណាល់ ត្រាំ កំពុងធ្វើឲ្យកូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាពកូរ៉េខាងត្បូងនិងអាមេរិក ហាក់កំពុងង្គោះរង្គើ ហើយអ្នកដែលកំពុងញញឹមដោយក្តីរីករាយ គឺចិន។ ៥ឆ្នាំមកហើយ ដែលលោកវ៉ាង យី មិនបានធ្វើដំណើរទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ថ្ងៃទី១៩សីហា លោកប្រមុខការទូតចិនបានចាប់ផ្តើម ទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសេអ៊ូល ដែលជួនចំពេលពិសេសអស្ចារ្យនិងអំណោយផលបំផុតសម្រាប់ចិន ព្រោះថាក្នុងអំឡុងពេលនេះ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងស្ថិតក្នុងភាពស្រពិចស្រពិល។ ដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បានធ្វើឲ្យកូរ៉េខាងត្បូងស្រងាកចិត្តជាពន់ពេក។ កម្មវិធីសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកងទ័ពអាមេរិកនិងកងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើម ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសថា លោកមិនសប្បាយចិត្តទេ ព្រោះប្រតិបត្តិការនេះចំណាយប្រាក់ច្រើនឥតប្រយោជន៍ ហើយវាធ្វើឲ្យកូរ៉េខាងជើងឯនោះខឹងស្អប់អាមេរិកថែមទៀត។ ក្រោយសម្តីដូចនេះរបស់លោកត្រាំ សមយុទ្ធត្រូវបានបិទបញ្ចប់មុនពេលកំណត់ដល់ទៅ៦ថ្ងៃ ដោយលោកត្រាំអះអាងថា នឹងកាត់បន្ថយថវិកាចំណាយ។ មិនត្រឹមប៉ុណ្ណោះទេ នៅថ្ងៃទី១៩សីហា លោកដូណាល់ ត្រាំ បានអួតអះអាងថា ទំនាក់ទំនងរវាងលោកនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺល្អខ្លាំងណាស់ ហើយលោកមានគម្រោងជួបលោកគីម ជុងអ៊ុន នៅចុងឆ្នាំនេះហើយ។ គួរកត់សំគាល់ថា លោកប្រមុខការទូតចិនបានមកដល់ទីក្រុងសេអ៊ូល ចំពេលតែម្តង គឺចំពេលដែលលោក ដូណាល់ ត្រាំ រុះរើជាន់ឈ្លីសម្ព័ន្ធភាពដែលសហរដ្ឋអាមេរិកមានជាមួយកូរ៉េខាងត្បូងជាង៧០ឆ្នាំមកហើយ។ បញ្ហានេះ មិនមែនត្រឹមតែធ្វើឲ្យកូរ៉េខាងត្បូងអស់សង្ឃឹមលែងមានទំនុកចិត្តលើសហរដ្ឋអាមេរិកនោះទេ តែបណ្តាសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក នៅតំបន់អាស៊ីក៏បើកភ្នែកធំៗ ដោយការខកចិត្តនិងភ័យខ្លួនដែរ ជាក់ស្តែង ជប៉ុន និងតៃវ៉ាន់ជាដើម។ សម្រាប់ចិន ឱកាសនេះពិសេសណាស់ ព្រោះវាបានលើកវិស័យការទូតចិនឲ្យលេចខ្លួនត្រដែតឡើង។ នៅសេអ៊ូល លោកវ៉ាង យី នឹងធ្វើការងារដោយមិនបាច់ប្រឹង។ ស្របពេលដែលសហរដ្ឋអាមេរិកដឹកនាំដោយលោកដូណាល់ ត្រាំ ជាមហាអំណាចដែលមានចិត្តឆេវឆាវ ប្រែប្រួលបាតដៃខ្នងដៃ និងគិតតែចំណេញប្រាក់ជាធំនោះ ចិនវិញគឺជាមហាអំណាច ចាស់ទុំ នឹងនរ គួរជាទីទុកចិត្តសម្រាប់គេឯងគ្រប់គ្នា។ បន្ថែមពីនេះទៀត ចិននឹងឆ្លៀតឱកាសនេះប្រាប់កូរ៉េខាងត្បូងថា ការដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង គឺត្រូវតែមានចិនជាអ្នកចាត់ចែង ទើបអាចចេញលទ្ធផល។ ជាការពិតណាស់ កាលពីសប្តាហ៍កន្លងទៅ លោក លី ចែម្យ៉ុង បានប្រកាសហៅលោក គីម ជុងអ៊ុន មកចរចាបិទបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពជាមួយគ្នា ដោយគ្មានលក្ខខណ្ឌបឋមអ្វីទាំងអស់។ ការចរចាដែលលោកប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមបានចិនជួយសម្របសម្រួល។ ក្នុងពេលទស្សនកិច្ចនៅកូរ៉េខាងត្បូង គេជឿថា លោកវ៉ាង យី នឹងប្រើភាសាការទូតនិយាយអំពីស្ថិរភាព សន្តិភាព ក្នុងតំបន់ ផ្ទុយពីលោកដូណាល់ ត្រាំ ដែលនិយាយតែពីរឿងលុយ! សំណួរសួរថា តើពីពេលនេះទៅ កូរ៉េខាងត្បូង និងជប៉ុន អាចសង្ឃឹម ថានឹងអាចជ្រកក្រោមដំបូលការពារនុយក្លេអ៊ែររបស់សហរដ្ឋបានដែរឬទេ? លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១៩សីហា ថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ៥៧គ្រាប់។ តែនៅព្រឹកថ្ងៃទី២០សីហា ប្រភពពីសមាជិកសភាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ចន្លោះពី ៨០ ទៅ១២០គ្រាប់ឯនោះ។ ការសុខចិត្តបន្ទន់ឥរិយាបថរបស់លោកលី ចែម្យ៉ុង ហៅ កូរ៉េខាងជើងមកចរចា បានស្តែងឲ្យឃើញនូវគោលជំហរប្រាកដនិយមរបស់ភាគីកូរ៉េខាងត្បូង ដែលជឿក្នុងចិត្តថា មិនអាចប្រថុយទុកសង្គ្រាមនេះបានតទៅទៀតទេ ព្រោះកូរ៉េខាងជើងបានក្លាយជាមហាអំណាចនុយក្លេអ៊ែរហើយ៕
Audio and video play straight from the show's own hosting. PodSubs stores and serves no media.
