
អឺរ៉ុបមិនរំពឹងការផ្លាស់ប្តូរអ្វីច្រើនទេពីនយោបាយការបរទេសរបស់លោក ត្រាំ
បរាជ័យយ៉ាងធ្ងន់ធ្ងររបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតសភាអាមេរិកពាក់កណ្តាលអាណត្តិ ពុំមានន័យថា ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងអឺរ៉ុប នឹងប្រសើរឡើងនោះទេ។ ប្រឈមនឹងស្ថានភាពថ្មីដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាខុនហ្ក្រេស លោក ដូណាល់ ត្រាំ អាចផ្តោតកាន់តែខ្លាំងលើវិស័យការបរទេស ដែលជាផ្នែកមួយស្ថិតក្រោមអំណាចផ្ទាល់របស់ប្រធានាធិបតីអាមេរិក។ គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ទទួលបរាជ័យបាក់មុខខ្លាំង ក្នុងការបោះឆ្នោតសភាអាមេរិកពាក់កណ្តាលអាណត្តិ កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ អ្នកបោះឆ្នោតអាមេរិក បានបង្ហាញការធុញទ្រាន់នឹងការធ្វើអន្តរាគមន៍យោធានិងការទូតអាមេរិក នៅក្រៅប្រទេស។ ម្ចាស់ឆ្នោតអាមេរិក ចង់ឲ្យរដ្ឋាភិបាលរបស់លោក ត្រាំ ផ្តោតលើបញ្ហាប្រចាំថ្ងៃ ដូចជាវិបត្តិជីវភាព អតិផរណាទំនិញ និងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលជាឆ្នាំងបាយក្នុងស្រុកអាមេរិកច្រើនជាងរឿងខាងក្រៅ។ និន្នាការនេះ អាចធ្វើឲ្យទាំងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ កាន់តែប្រុងប្រយ័ត្នចំពោះការចំណាយ និងការចូលរួមលូកដៃក្នុងជម្លោះអន្តរជាតិ។ ក៏ប៉ុន្តែ វាពុំមែនមានន័យថា គោលនយោបាយការបរទេសអាមេរិក នឹងប្រែជាទន់ភ្លន់ចំពោះបណ្តាប្រទេសអឺរ៉ុប នោះទេ។ ដ្បិត លោក ត្រាំ នៅតែមានពេល២ឆ្នាំថែមទៀត ក្នុងការកំណត់ទិសដៅការបរទេសរបស់អាមេរិក។ លោក ត្រាំ នឹងអាចបន្តអនុវត្តអ្វីស្រេចនឹងចិត្តឯងទៀត។ នេះជាការបញ្ជាក់ថា ប្រទេសអឺរ៉ុប មិនអាចសង្ឃឹមលើការផ្លាស់ប្ដូរនយោបាយបរទេសរបស់អាមេរិក ក្នុងអនាគតឆាប់ៗនេះទេ។ ក្រៅពីវិស័យការទូត ចៅហ្វាយសេតវិមាន ក៏នៅតែមានអំណាចយ៉ាងទូលំទូលាយលើ សន្តិសុខ ការពារជាតិ និងពាណិជ្ជកម្ម។ ភាគីអឺរ៉ុប ចាំបាច់ត្រូវតែត្រៀមខ្លួនប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ ចំពោះសហភាពអឺរ៉ុប ការបរាជ័យរបស់គណបក្សសាធារណរដ្ឋ ក៏មិនអាចស្តារទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ឲ្យត្រឡប់ទៅល្អូកល្អើនដូចអតីតកាល បានទេ។ រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន ក្រោមកណ្តាប់ដៃរបស់លោក ត្រាំ នឹងបន្តផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិខ្លួន ជាជាងផលប្រយោជន៍របស់សម្ព័ន្ធមិត្ត។ ផ្ទុយទៅវិញ លោកអាចកាន់តែខឹងសម្បារ និង មិនអាចព្យាករបាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតសភាក្នុងស្រុកលើកនេះ។ ចំណែកវិស័យការពារជាតិវិញ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចអាណត្តិទី២ ទំនាក់ទំនងយោធាជាមួយអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំង។ ក្រៅពីដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើអឺរ៉ុប អាមេរិកមិនសូវប្តេជ្ញាចិត្តក្នុងវិស័យការពារសន្តិសុខទេ។ ដូច្នេះ អឺរ៉ុបមិនគួររំពឹងថា ការបរាជ័យរបស់លោក ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នឹងនាំមកនូវការស្តារទំនាក់ទំនងដូចមុនឡើយ។ រដ្ឋបាលអាមេរិក ស្ទើរគ្រប់ជំនាន់ក៏បានទាមទារឲ្យអឺរ៉ុបទទួលខុសត្រូវកាន់តែច្រើនលើសន្តិសុខនិងការពារជាតិរបស់ខ្លួន។ ចូរកុំភ្លេចថា រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនបានប្រកាសតាំងពីសម័យអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកម្ល៉េះ ថា អាមេរិកងាកនឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅតំបន់អាស៊ី។ ហើយក្នុងសម័យលោក ដូណាល់ ត្រាំនេះទៀត គឺអាមេរិកងាកខ្លាំងទៅតំបន់អាមេរិកឡាទីន។ ក្នុងស្ថានភាពបច្ចុប្បន្ន អឺរ៉ុបត្រូវពឹងផ្អែកលើសមត្ថភាពខ្លួនឯង និងពង្រឹងឯកភាពក្នុងតំបន់ ព្រោះការរួបរួមគ្នានេះជាលក្ខខណ្ឌចាំបាច់សម្រាប់ការធានាសន្តិសុខ និងពង្រឹងម្ចាស់ការលើខ្លួនឯង។ ចំពោះវិបត្តិសង្គ្រាមអ៊ុយក្រែន ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យអាចបង្កើនសម្ពាធឲ្យអាមេរិកបន្តគាំទ្ររដ្ឋាភិបាលក្រុងកៀវ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសម្ព័ន្ធយោធាអូតង់។ អ្នកជំនាញភូមិសាស្ត្រនយោបាយ មិនរំពឹងថា លោក ត្រាំ នឹងផ្លាស់ប្តូរជំហររបស់លោកភ្លាមៗទេ ដោយសារលោកនៅតែផ្តល់សារៈសំខាន់ខ្លាំងដល់ចំណងមេត្រីភាពផ្ទាល់ខ្លួនជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ ជាពិសេស លោកនៅតែមានទំនោរស្រប ឬទោរទន់តាមរុស្ស៊ី ហើយអាចបង្កភាពតានតឹងជាមួយសភាអាមេរិកថ្មី ក្នុងសំណុំរឿងអ៊ុយក្រែន។ ដ្បិតថា ក្រុមគណបក្សប្រជាធិបតេយ្យ ទំនងជាចង់ជំរុញឲ្យសហការស៊ីជម្រៅជាមួយលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងជួយគាំទ្រកាន់តែច្រើនដល់រដ្ឋាភិបាលទីក្រុងកៀវ ។ ដោយឡែក គោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ ក៏ទំនងជាគ្មានផ្លាស់ប្តូរជាមូលដ្ឋានច្រើនដែរ។ ទោះបីគណបក្សប្រជាធិបតេយ្យអាចព្យាយាមកាត់បន្ថយភាពតានតឹងជាមួយកាណាដា ដែលប្រទេសជិតខាង ក៏ដោយ ក៏ការប្រើប្រាស់ពន្ធគយដើម្បីការពារផលប្រយោជន៍អាមេរិក ទំនងជានៅតែបន្តជាអាវុធមុខស្រួចរបស់លោក ត្រាំ ដដែល៕
Audio and video play straight from the show's own hosting. PodSubs stores and serves no media.
