
នៅមហាសន្និបាតអ.ស.ប. លោកម៉ាក្រុងថ្លែងការពារច្បាប់អន្តរជាតិ ខណៈលោកត្រាំថ្លែងការពារតែប្រយោជន៍ជាតិឯង
អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមនៅថ្ងៃពុធទី២២កញ្ញា ជាមួយនឹងសុន្ទរកថារបស់លោកអង់តូនីញ៉ូ ហ្គូតទែរស៍ ដែលបានអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិ និងការសហការរវាងប្រទេសធំដោះស្រាយបញ្ហាចោទ ដូចជាបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។ អ្វីដែលជាការកត់សំគាល់មួយទៀត គឺលោកអេម៉ានុយអែល ម៉ាក្រុង និងលោកដូណាល់ ត្រាំ បានថ្លែងបន្លឺនូវទស្សនៈវិស័យ២ផ្ទុយគ្នា ដោយម្នាក់ការពារច្បាប់អន្តរជាតិរួម ម្នាក់ទៀត ការពារប្រយោជន៍ជាតិខ្លួនតែម្នាក់ឯងក្នុងនាមជាមហាអំណាចធំជាងគេបំផុត។ អង្គមហាសន្និបាតឆ្នាំនេះ គឺជាលើកចុងក្រោយហើយ សម្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតទែរស៍ ដែលនឹងត្រូវចប់អាណត្តិនៅចុងឆ្នាំនេះ។ ភាពចលាចល អស្ថិរភាព និងការបាក់បែកគ្នា កំពុងតែរួមរឹតពិភពលោកយើងខ្លាំងណាស់ ជាមួយនឹងការចុះខ្សោយឥទ្ធិពល ឬអាចនិយាយបានថា ជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ ក៏ថាបាន។ នៅក្នុងសុន្ទរថាលើកចុងក្រោយ នៅក្នុងឱកាសបើកអង្គមហាសន្និបាត លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងអំពាវនាវ ឲ្យគ្រប់គ្នាគោរពគោលការណ៍ច្បាប់អន្តរជាតិ គោរពគ្នាទៅវិញទៅមក និង កសាងសុខសន្តិភាពពិភពលោក តាមរយៈការសហការគ្នា។ ទាក់ទិននឹងសំណុំរឿង បញ្ញាសិប្បនិម្មិត លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងហៅប្រទេសធំៗដែលមានបច្ចេកវិទ្យានេះ ត្រូវតែរួមសហការគ្នារៀបចំក្របខណ្ឌច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីកសាងបច្ចេកវិទ្យាAI ដែលមានតម្លាភាព ប្រកបដោយទំនុកចិត្ត។ ខ្លឹមសារអំពាវនាវនេះ មានលក្ខណៈដូចគ្នាទៅនឹងសុន្ទរកថារបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលអង្គមហាសន្និបាតលើកនេះ ក៏ជាលើកចុងក្រោយដែរ ព្រោះលោកនឹងចប់អាណត្តិនៅខែឧសភាឆ្នាំក្រោយ។ ក្នុងសុន្ទរកថា ប្រមាណ៣០នាទី លោកម៉ាក្រុងបានថ្លែងបន្លឺឡើងនូវទស្សនវិស័យរបស់លោក ដែលចាត់ទុកទ្រឹស្តី “ពហុភាគីនិយម” ជាធំ។ ក្នុងន័យនេះ លោកម៉ាក្រុង បានថ្លែងការពារអង្គការសហប្រជាជាតិ ព្រោះស្ថាប័ននេះគឺជាទីកន្លែងដែលពិភពលោកមកអង្គុយជុំគ្នា ជជែកគ្នា រួមគ្នាដោះស្រាយបញ្ហា។ អមដោយសំឡេងទះដៃកងរំពងប្រកបដោយក្តីរំភើប ពីអង្គមហាសន្និបាត លោកម៉ាក្រុងបានអះអាងថា អង្គការសហប្រជាជាតិ គឺជាស្ថាប័នការពារសង្គមអន្តរជាតិមួយឲ្យមានច្បាប់ទំលាប់។ លោកម៉ាក្រុង បានថ្លែងទៀតថា ពិភពលោកយើងបច្ចុប្បន្ននេះ កំពុងតែរងគ្រោះដោយចរន្តគំនិតអាត្មានិយម ចក្រព័ត្រនិយម អាងយ៉ាងវាតទីយ៉ាងក្រអឺតក្រទម របស់ប្រទេសមហាអំណាចខ្លះ ដែលអាងតែកម្លាំងបាយ អាងតែសព្វាវុធ។ ការប្រើច្បាប់ព្រៃ អ្នកណាខ្លាំងអ្នកនោះឈ្នះនេះ កំពុងតែរុករានទន្ទ្រាន និងរុញពិភពលោកយើងឲ្យធ្លាក់ក្នុងភាពចលាចល។ ដូច្នេះ ពេលវេលានេះគឺជាពេលដែលគ្រប់គ្នារួមកម្លាំងសាមគ្គីនៅពីក្រោយអង្គការសហប្រជាជាតិ មិនអាចឲ្យនរណាម្នាក់ មកដាក់សម្ពាធបង្កើតស្ថាប័នថ្មីមួយទៀត ដើម្បីយកទៅដាក់ក្រោមក្លៀកខ្លួនឯងនោះឡើយ។ ចំណុចនេះ លោកម៉ាក្រុងបានសំដៅយ៉ាងច្បាស់ ទៅលើក្រុមប្រឹក្សាសន្តិភាព Board of Peace ដែលលោកដូណាល់ ត្រាំ បានបង្កើតឡើងដើម្បីប្រជែងជាមួយអង្គការសហប្រជាជាតិ។ មុននឹងបញ្ចប់សុន្ទរកថា ដោយសម្រែកថា “ជ័យោអង្គការសហប្រជាជាតិ” លោកម៉ាក្រុងបានលើកឡើងដែរ នូវចំណុចខ្សោយរបស់ស្ថាប័ននេះ ដែលត្រូវតែមានកំណែទម្រង់។ តួយ៉ាងដូចជាសិទ្ធិបោះឆ្នោតវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខ ដែលកន្លងមក គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី តែងតែប្រើសិទ្ធិនេះ រារាំងមិនឲ្យក្រុមប្រឹក្សាសន្តិសុខចេញចំណាត់ការណាមួយ។ អ្នកប្រើច្បាប់ព្រៃ អ្នកអាងកម្លាំង អាងអាវុធនោះ គឺលោកម៉ាក្រុង ចង់សំដៅទៅលោកដូណាល់ ត្រាំ យ៉ាងច្បាស់ណាស់។ ការវាយប្រហារចាប់មេដឹកនាំវ៉េណេស៊ុយអេឡា សង្គ្រាមនៅអ៊ីរ៉ង់ ការគំរាមច្បាមយកកោះហ្គ្រូអិនឡង់របស់ដាណឺម៉ាក ព្រមទាំងសង្គ្រាមអត្រាពន្ធជាដើម ទាំងអស់នេះយើងដឹងហើយថាអ្នកណាជាអ្នកធ្វើវា។ នៅចំពោះមុខអង្គមហាសន្និបាត លោកដូណាល់ ត្រាំបានថ្លែងអួតថា លោកគឺជាអ្នកកសាងសន្តិភាពពេញពិភពលោក។ តែឃ្លាបន្ទាប់ទៀត លោកដូណាល់ ត្រាំ ស្រាប់តែលើកឡើងថា លោកកំពុងពិចារណាសម្រេចចិត្ត ថាតើគួរវាយកម្ទេចប្រទេសអ៊ីរ៉ង់ឲ្យរាបដល់ដី ឬមួយក៏ចរចាជាមួយអ៊ីរ៉ង់។ អស់ពីគំរាមអ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានថ្លែងប្រកាសយ៉ាងក្រអឺតក្រទមថា តំបន់អាមេរិកខាងត្បូង នឹងត្រូវតែស្ថិតក្នុងដែនឥទ្ធិពលយោធា របស់សហរដ្ឋអាមេរិកតែម្នាក់ប៉ុណ្ណោះ។ លោកត្រាំ អះអាងទៀតថា របបដឹកនាំគុយបានឹងដួលរំលំក្នុងពេលឆាប់ៗនេះហើយ។ លើសពីនេះ ទៀតលោកដូណាល់ ត្រាំ បានគំរាមដោយត្រង់ៗចំពោះ ចៅក្រម រដ្ឋអាជ្ញា និងបុគ្គលិករបស់តុលាការអន្តរជាតិទីក្រុងឡាអេ។ ជារួម យើងសង្កេតឃើញថា សម្តីលោកត្រាំពោរពេញដោយ ការប្រើកម្លាំង ការគំរាមសំឡុត ឲ្យអ្នកដ៏ទៃត្រូវខ្លាចខ្លួន។ យុទ្ធសាស្ត្រសំឡុតបែបអ្នកលេងនេះ បានហុចលទ្ធផលសម្រាប់លោកដូណាល់ ត្រាំមែន ព្រោះក្នុងមហាសន្និបាតនេះ លោកត្រាំបានប្រកាសថា សហរដ្ឋអាមេរិកនឹងចុះកិច្ចព្រមព្រៀងជាមួយដាណឺម៉ាក ស្តីពីកោះហ្ក្រូអិនឡង់ដ៍។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យអាមេរិកសាងសង់មូលដ្ឋានទ័ព២កន្លែងទៀត នៅលើកោះទឹកកកនេះ។ ជាថ្នូរវិញ លោកដូណាល់ ត្រាំ សន្យាទទួលស្គាល់អធិបតេយ្យភាពរបស់ដាណឺម៉ាកទៅលើកោះហ្កូ្រអិនឡង់។ ចំពោះបញ្ហាបច្ចេកវិទ្យា AI វិញ លោកត្រាំ បានបដិសេធថាមិនត្រូវឲ្យមានច្បាប់ក្រមខណ្ឌណាមួយ មករារាំងរំខានដំណើរអភិវឌ្ឍន៍របស់បច្ចេកវិទ្យានេះឡើយ។ គោលជំហរ ដែលវាផ្ទុយទៅនឹងអគ្គនាយកក្រុមហ៊ុនAI ធំៗ ដែលប៉ុន្មានសប្តាហ៍មកនេះបានអំពាវនាវឲ្យមានការបន្ថយល្បឿន ដើម្បីយកពេលជជែកគ្នា។ ដោយឡែកលោកម៉ាក្រុងវិញ បានអំពាវនាវឲ្យមានច្បាប់អន្តរជាតិគ្រប់គ្រងAI ហើយទន្ទឹមនឹងនេះគ្រប់ប្រទេស ត្រូវប្រឹងប្រែងស្រាវជ្រាវប្រើ AI ខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុង ទៅនឹងក្រុមហ៊ុនយក្សធំៗរបស់អាមេរិក។ ថ្វីបើលោកត្រាំមាត់រឹង ថាមិនចង់ឲ្យមានវិធានច្បាប់ តែជាក់ស្តែង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានស្នើទៅកាន់ចិន ឲ្យមានយន្តការផ្តល់ដំណឹងឲ្យគ្នាក្នុងករណីមានបញ្ហា។ គួរកត់សំគាល់ដែរថា ជាថ្មីម្តងទៀត សំណុំរឿងអ៊ីស្រាអែលប៉ាឡេស្ទីន នៅតែក្តៅគគុកពេញអង្គមហាសន្និបាទ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា អំពើហិង្សា ការបណ្តេញមនុស្សចុះឡើងឲ្យផ្លាស់ទីរស់នៅ ព្រមទាំងការពង្រីកដែនដីអាណានិគមខុសច្បាប់ នៅតំបន់ស៊ីហ្សកដានី បង្កឡើងដោយអាជ្ញាធរអ៊ីស្រាអែល វាកំពុងតែបង្កើតឲ្យមានការសង្ស័យថា ថាអ៊ីស្រាអែលចង់បោសសំអាតជាតិសាសន៍។ បញ្ហាទាំងនេះ កំពុងតែធ្វើឲ្យ ផែនការ “ដំណោះស្រាយរដ្ឋ២” ត្រូវរលាយសូន្យ។ ដូចគ្នាដែរ លោកម៉ាក្រុង បានថ្លែងថា អ្វីដែលបានកើតឡើងនៅហ្កាហ្សា និងនៅតំបន់ស៊ីហ្សកដានី ដែលអ៊ីស្រាអែលទន្ទ្រានដីបង្កើតជាតំបន់អាណានិគមន វាគឺជាទស្សនីយភាពដែលធ្វើឲ្យសហគមអន្តរជាតិអាម៉ាសបំផុត។ លោកម៉ាក្រុងបានថ្លែងអំពាវនាវសាជាថ្មី ថាត្រូវតែជំរុញដំណោះស្រាយរដ្ឋពីរ រដ្ឋប៉ាឡេស្ទីនទន្ទឹមគ្នានឹងរដ្ឋអ៊ីស្រាអែល ទើបអាចដោះស្រាយបញ្ហាបានយូរអង្វែង។ មិនខុសពីលោកម៉ាក្រុង លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស បានបរិហាររិះគន់ខ្លាំងៗ ចំពោះរដ្ឋាភិបាលស្តាំនិយមជ្រុលអ៊ីស្រាអែល ដឹកនាំដោយលោកនេតាន់យ៉ាហ៊ូ។ ស្ថានភាពរំលោភបំពាននៅហ្កាហ្សានៅស៊ីហ្សកដានី និងសេចក្តីឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន ត្រូវតែបិទបញ្ចប់។ ដំណោះរដ្ឋ២ គឺជាក្តីសង្ឃឹមតែ១គត់ ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាម កសាងសន្តិភាព ការពារសន្តិសុខជូនទាំងខាងអ៊ីស្រាអែលទាំងខាងប៉ាឡេស្ទីន៕
Audio and video play straight from the show's own hosting. PodSubs stores and serves no media.
