
រដ្ឋចិនចាប់ផ្តើមត្រៀមខ្លួន បង្ការហានិភ័យបណ្តាលមកពី AI ឆ្លាតជ្រុលលែងស្តាប់បញ្ជាមនុស្ស
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញនៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជារបស់មនុស្ស។ ការទាញសញ្ញាអាសន្ននេះ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញនៅចិន ស្តាប់យ៉ាងយកចិត្តទុកដាក់។ ថ្វីបើមានការយល់ឃើញខុសគ្នាខ្លះ ស្តីពីមុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយបង្ការ តែអ្នកជំនាញចិននិងអាមេរិក សុទ្ធតែទទួលស្គាល់ដូចគ្នា ថាភ្នាក់ងារបញ្ញាសិប្បនិម្មិតឆ្លាតជ្រុល អាចរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស ហើយអាចធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញប្រព័ន្ធអ៊ីនធ័រនិតពិភពលោក និងសម្លាប់ជីវិតមនុស្សបាន។ ថ្មីៗនេះ អតីតវិស្វករព័ត៌មានវិទ្យាម្នាក់របស់ Anthropic ឈ្មោះ Jacob Coxon បានចេញមុខប្រកាសទាញសញ្ញាអាសន្ន ស្តីពីហានិភ័យដ៏គ្រោះថ្នាក់បំផុត ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើរលឿនជ្រុល ឆ្លាតជ្រុល និងអាចងាកមកបំផ្លាញអាយុជីវិតមនុស្សឲ្យវិនាសបាន។ បន្ទាប់មកទៀត លោក Dario Amodei អគ្គនាយក Anthropic បានបង្ហោះសារអំពាវនាវ ឲ្យក្រុមហ៊ុនក្នុងវិស័យនេះរួមគ្នាបន្ថយល្បឿន ផ្អាកការអភិវឌ្ឍន៍លឿនរហ័សជ្រុល ហើយយកពេលវេលាគិតគូរ ព្រោះAIឆ្លាតជ្រុល អាចរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស។ សារអំពាវនាវនេះ ត្រូវបានអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសហរដ្ឋអាមេរិក បានប្រកាសគាំទ្រ។ ក្នុងនាមជាប្រទេសឈានមុខគេមួយទៀតក្នុងវិស័យបច្ចេកវិទ្យា AI ចិនបានឆ្វេងយល់រួចហើយ អំពីហានិភ័យបង្កឡើងដោយ AI ស្វ័យប្រវត្តិដែលឆ្លាតជ្រុល។ តែសម្រាប់ថ្នាក់ដឹកនាំចិន គេយល់ថាគេអាចគ្រប់គ្រងសង្កត់បច្ចេកវិទ្យាAIបាន បើទោះបីជាខ្លាំងប៉ុណ្ណាក៏ដោយ។ ការគ្រប់គ្រង ដែលអាចធ្វើទៅបានតាមរយៈការរៀបចំក្រិត្យក្រមបច្ចេកទេស វិធានច្បាប់គ្រប់គ្រង និងការត្រួតពិនិត្យតាមដានចេញពីរដ្ឋ។ លោក Tse Brian អគ្គនាយកក្រុមស្រាវជ្រាវ Concordia AI មានទីតាំងនៅប៉េកាំងនិងសិង្ហបុរី បានលើកឡើងថា ក្នុងវិស័យបញ្ញាសិប្បនិម្មិត អ្នកជំនាញចិននិងអ្នកជំនាញអាមេរិក មានការយល់ស្របគ្នាស្តីពីហានិភ័យ។ ក៏ប៉ុន្តែអ្វីដែលខុសគ្នា គឺទាក់ទិននឹង របៀបនៃការកំណត់មុខសញ្ញាហានិភ័យ និងការចាត់ថ្នាក់ទាបខ្ពស់របស់ហានិភ័យ។ ខុសពីនៅអាមេរិក ដែលអ្នកជំនាញបានស្នើ ឲ្យមានអ្នកវាយតម្លៃឯករាជម្នាក់ប្រចាំការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាAI នៅចិនវិញ ការវាយតម្លៃហានិភ័យ ត្រូវបានធ្វើឡើងក្នុងក្របខណ្ឌច្បាប់រួម និងអាជ្ញាធររដ្ឋ។ អ្នកជំនាញខាងលើពន្យល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិក ដូចជា Anthropic ឬ Open AI ជាដើម បង្កើតកម្មវិធីបច្ចេកវិទ្យានីមួយៗ ជាប្រភេទគម្រូAIបិទជិត ពោលគឺមិនឲ្យអ្នកប្រើប្រាស់ អាចចូលទៅដល់ក្នុងប្រព័ន្ធបានទេ។ ផ្ទុយទៅវិញ នៅចិន វិស្វករកាន់តែច្រើនបាននាំគ្នាផ្តល់អាទិភាព ទៅដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកចំហទំងន់ ដែលភាសាអង់គ្លេសហៅថា AI Open Weight។ គម្រូបច្ចេកវិទ្យាAI ចិនប្រភេទនេះ មានដូចជា Deepseek និង Kimi ជាដើម។ នៅខែឧសភាកន្លងទៅ អាជ្ញាធរចិនគ្រប់គ្រងសន្តិសុខ Cyberspace បានចេញសេចក្តីណែនាំមួយ ដោយបានលើកឡើងអំពី ហានិភ័យប្រឈមមួយរបស់ ភ្នាក់ងារAI “ AI Agents” ទាក់ទិននឹងការប្រឈម “បាត់បង់ការគ្រប់គ្រងប្រតិបត្តិការទាំងស្រុង”។ ក្នុងសេចក្តីណែនាំនេះ អាជ្ញាធរចិនបានតម្រូវឲ្យវិស្វករ អ្នកជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យា AI ត្រូវតែពង្រឹងសមត្ថភាពឲ្យប្រសើរ ដើម្បីតាមស្ទាក់ចាប់ បិទខ្ទប់ និងកម្ទេច នូវរាល់សកម្មភាពខុសប្រក្រតីណាមួយរបស់ភ្នាក់ងារAI។ អ្នកជំនាញចិន ក៏ត្រូវបង្ការផងដែរ នូវហានិភ័យមួយចំនួនដូចជា ការបំពុលទិន្នន័យ និងការបង្វែងធ្វើប្រព័ន្ធអាល់ហ្គោរីតម៍វង្វេង ជាដើម។ ផ្អែកតាមលោក Tse Brian រដ្ឋចិនបានចាប់ផ្តើមពិចារណា តាក់តែងក្រមខណ្ឌច្បាប់ជាតិ ចងជាកាតព្វកិច្ច នៅក្នុងវិស័យសន្តិសុខភ្នាក់ងារAI ដែលនេះគឺជាលើកទី១ហើយក្នុងពិភពលោក។ គួរជំរាបថា ករណីគម្រូAIស្ថិតក្នុងដំណាក់កាលធ្វើតេស្ត តែវាឆ្លាតជ្រុល ហើយគេចខ្លួនរបូតចេញពីប្រព័ន្ធបិទជិត ឈានចូលទៅបំផ្លាញប្រព័ន្ធផ្សេងខាងក្រៅ បានកើតឡើងច្រើនដងហើយ។ ថ្ងៃទី១កញ្ញា លោក Wang Lihong មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរគ្រប់គ្រងសន្តិសុខ Cyberspace ចិនបានទាញសញ្ញាអាសន្ន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាក់ទិននឹងគម្រូភ្នាក់ងារAI ដែលរបូតចេញពីរនាំងសន្តិសុខ លែងស្តាប់បញ្ជា ហើយវាយប្រហារប្រព័ន្ធផ្សេងទៀតនៅខាងក្រៅទូទាំងពិភពលោក។ ដូចគ្នាដែរ កាលពីថ្ងៃអាទិត្យទី១៣កញ្ញា លោករដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិចិន Chen Yixin បានលើកឡើងថា គម្រូAIឈានមុខអាមេរិក ដូចជា Mythos របស់ក្រុមហ៊ុន Athropic និង GPT-5.5-Cyber របស់ Open AI ជាដើម សុទ្ធតែអាចគំរាមមកលើហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ចិន។ សូមបញ្ជាក់ថា សេណារីយ៉ូមហន្តរាយបង្កឡើយដោយ AI ឆ្លាតជ្រុលទប់លែងជាប់នេះ ត្រូវបានថ្នាក់ដឹកនាំចិន ធ្លាប់លើកឡើងនៅក្នុងឯកសារផ្លូវការមួយ របស់រដ្ឋបាលទទួលបន្ទុក Cyberspace នៅខែកញ្ញាឆ្នាំ២០២៤។ ឯកសារនេះ បានប៉ាន់ប្រមាណទុកជាមុន នូវហានិភ័យ ដែលភ្នាក់ងារAI មួយឆ្លាតខ្លាំង ធ្វើការដោយស្វ័យប្រវត្តិ ប្រមូលទិន្នន័យ បង្កើតទិន្នន័យថ្មី ហើយមានបញ្ញាដឹងខ្លួនឯង ព្រមទាំងអាចស្វែងរកអំណាចថ្មីមកបន្ថែមឲ្យខ្លួនវា ដើម្បីប្រជែងជាមួយសមត្ថភាពមនុស្ស។ ផ្អែកតាមឯកសារចុងក្រោយមួយទៀត នៅខែកញ្ញាឆ្នាំ២០២៥ រដ្ឋបាលចិនទទួលបន្ទុក Cyberspace បានលើកឡើងពីគោលការណ៍ថ្មី ដើម្បីបង្ការទប់ទល់នឹងហានិភ័យ បាត់បង់ការគ្រប់គ្រងដែលគំរាមដល់អាយុជីវិតមនុស្ស។ សេណារីយ៉ូបែបនេះ អាជ្ញាធរចិនបានសំដៅទៅដល់ករណី “បច្ចេកវិទ្យាAI កម្រោលចូល ប្រកាច់ចាប់មិនឈ្នះ”។ តែទោះជាយ៉ាងនេះក្តី អាមេរិកនិងចិន ក៏មានគំនិតយល់ឃើញខុសគ្នាដែរ ទាក់ទិនការអំពាវនាវឲ្យ បន្ថយល្បឿន ក្នុងការអភិវឌ្ឍន៍AI។ ខុសពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិកដែលអំពាវនាវឲ្យបន្ថយល្បឿន រដ្ឋចិនឯនោះវិញបានលើកទឹកចិត្តឲ្យគេប្រើប្រាស់បច្ចេកវិទ្យាAI ឲ្យបានគ្រប់សហគ្រាស គ្រប់វិស័យ។ នេះគឺជាគោលនយោបាយរួមរបស់រដ្ឋចិន ដែលចង់យកបច្ចេកវិទ្យានេះធ្វើជាកម្លាំងចលករនាំសន្ទុះសេដ្ឋកិច្ច។ តែទន្ទឹមគ្នានេះ រដ្ឋចិននៅតែអាចចេញបញ្ជាឲ្យបង្អង់ដៃ ផ្អាក ពន្យាពេលប្រើប្រាស់បច្ចេកវិទ្យាណាមួយ ប្រសិនបើអាជ្ញាធរយល់ថា ការគ្រប់គ្រងពីលើនៅមិនទាន់ល្អគ្រប់គ្រាន់៕
Audio and video play straight from the show's own hosting. PodSubs stores and serves no media.
