Skip to content
PodSubs
ShowsPeopleGuestsJobsNewsEvents
More
BlogPodCred
Menu
ShowsPeopleGuestsJobsNewsEventsBlogPodCredNetworksSign in
Join nowSign in
  • Shows
  • People
  • Jobs
  • News
  • More
    • Guests
    • Events
    • Blog
    • PodCred
    • Networks
    Join nowSign in

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក artwork

អង្គការនិងសមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់អគ្គនាយកFIFA

Jul 6, 20266 minAudio
ShareXLinkedInFacebookWhatsAppEmail

ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង​ ទាក់ទិន​នឹង​​អព្យាក្រឹតភាព​របស់​លោក​។ កាលពីថ្ងៃសុក្រទី​​​៣កក្កដា អង្គការសិទ្ធិមនុស្ស​និងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិត​ទៅកាន់FIFA ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​លើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ​ និងប៉ះពាល់​មកលើ​ភាពមិនលម្អៀងនៃវិស័យកីឡា​។​ ក្នុងអំឡុងពេលនេះ ទោះបីសំឡេងស្រែហ៊ោកញ្ជៀវ កំពុងលាន់ឮខ្លាំង​នៅតាមពិហុកីឡដ្ឋានដែលមានការប្រកួតបាល់ទាត់ពិភពលោក​យ៉ាងណាក្តី​ តែ​បើយើងផ្ទៀងត្រចៀក​ស្តាប់បន្តិច នោះយើងនឹងឮសំឡេងខ្សិប​ខ្សៀវរិះគន់ពីទ្វីបអឺរ៉ុប ទៅកាន់​លោក​ Gianni Infantino អគ្គនាយក​របស់ សហព័ន្ធ​អន្តរជាតិ​នៃសមាគមបាល់ទាត់ ហៅកាត់ថា FIFA។ ចូលកាន់មុខតំណែងនៅឆ្នាំ​២០១៦​ សកម្មភាពរបស់​លោក Gianni Infantino បានធ្វើ​ឲ្យ​មានមន្ទិលសង្ស័យ​ខ្លាំង​ឡើងៗ ស្តីពីភាពអព្យាក្រឹត្យ្យ​របស់​លោក​ ក្នុងនាមជាអ្នកតំណាង​ពិភពលោក​កីឡា ដ៏មានឥទ្ធិពល​បំផុត​។ ថ្ងៃសុក្រទី​៣កក្កដា អង្គការសិទ្ធិមនុស្ស​មួយនៅអង់គ្លេស ឈ្មោះ FairSquare បានផ្សព្វផ្សាយលិខិត​មួយសន្លឹក ចុះហត្ថលេខា​ដោយ​សមាជិក​សភាអឺរ៉ុប ចំនួន​៥០នាក់​។ លិខិតនេះ​ ត្រូវបាន​ផ្ញើទៅកាន់ FIFA ទាមទារ​ឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ស្តីពីករណី​ផ្តល់ “ពានរង្វាន់សន្តិភាព​ របស់FIFA” ទៅឲ្យ​លោកដូណាល់ ត្រាំ។ គួររំលឹកថា កាលពីខែធ្នូឆ្នាំ​២០២៥ នៅក្នុងឱកាស​ចាប់ឆ្នោត​ប្រកួតបាល់ទាត់ពិភពលោក​២០២៦ លោកអគ្គនាយក FIFA Gianni Infantino បាន​ប្រគល់ពានរង្វាន់សន្តិភាពFIFA ជូនទៅលោកដូណាល់ ត្រាំ ។ ពានរង្វាន់នេះ​ ត្រូវបានបង្កើតឡើងជាពិសេសក្នុងឱកាសនោះតែម្តង។ អ្នករិះគន់ភាគច្រើនបាន​លើកឡើងថា គឺលោក Gianni Infantino ចង់​បញ្ជោរលោក​ដូណាល់ ត្រាំ​។ ជាង​៦ខែមកហើយ FIFA បានបដិសេធមិនពន្យល់ជាសាធារណៈទេ នូវលក្ខខណ្ឌក៏ដូចជា​​នីតិវិធី ដែលអនុញ្ញាតឲ្យខ្លួន​សម្រេច​​​ប្រគល់ពានរង្វាន់ពិសេសនេះទៅនរណាម្នាក់​​។​ ភាពស្និទ្ធស្នាល​រវាងលោក​ Gianni Infantino និងលោកដូណាល់ ត្រាំ មិន​អាចលាក់នរណាបានទេ។ លោក Gianni Infantino និងលោក Dana White ប្រធាន​UFC គឺជាអ្នកតំណាង​ពិភពកីឡាតែ​២នាក់គត់ ដែលមានវត្តមាននៅក្នុង​កម្មវិធី ចូលកាន់មុខតំណែងជាផ្លូវការរបស់​លោកដូណាល់ ត្រាំ កាលពីខែមករា​​​២០២៥។ ចាប់ពីពេលនោះមក លោកអគ្គនាយកFIFA បាន​បន្ត​និយាយ​សរសើរលោកដូណាល់ ត្រាំ ឥតដាច់ពីមាត់ រហូតដល់ទៅហ៊ានចេញមុខ និយាយការពារ​គោលនយោបាយដឹកនាំរបស់​លោកដូណាល់ ត្រាំ ហើយ​បានប្រកាសចង់ឲ្យ​គេ​ប្រគល់ពានរង្វាន់ណូបែលសន្តិភាព​ លោកដូណាល់ ត្រាំ ថែមទៀតផង​។ ជាងនេះទៀត កាលពីខែកុម្ភៈ នៅ​ពេលលោកដូណាល់ ត្រាំ បើក​កម្មវិធីសម្ពោធ​​ ក្រុមប្រឹក្សា​សន្តិភាពដែលលោកជាអ្នកបង្កើតឡើង គេឃើញលោក​អគ្គនាយក​ FIFA ក៏​​មានវត្តមានដែរ ពាក់មួកពណ៌ក្រហម មានអក្សរពីលើថា USA និងលេខ 45-47 ដែលជាលេខរៀងអាណត្តិទាំង​២របស់​លោកដូណាល់ ត្រាំ។ ជាមួយនឹងស្នាមញញឹម​សើចក្អាកក្អាយ លោក​ Gianni Infantino បានបង្ហាញ​ឲ្យឃើញយ៉ាងច្បាស់ ថាលោកគឺជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់លោកដូណាល់ ត្រាំ។ សូមបញ្ជាក់ថា​ កាលពីខែធ្នូ​២០២៥ អង្គការ FairSquare ធ្លាប់​បាន​លើកឡើងថា គោលជំហររបស់លោក Gianni Infantino ដែល​​គាំទ្រពេញទំហឹងនិងដោយចំហ ចំពោះគោលនយោបាយ​លោកដូណាល់ ត្រាំ វាអាចប៉ះពាល់មកលើកអព្យាក្រឹតភាពនិង​កិត្តិយស ​របស់FIFA ក៏ដូចជា​​​វិស័យ​កីឡាបាល់ទាត់ពិភពលោកទាំងមូល​។ នៅថ្ងៃទី​១១មិថុនា អង្គការនេះអះអាងទៀត ត្រឹមតែរយៈពេល​​២សប្តាហ៍​ មាន​មនុស្សប្រមាណ​៥០០០នាក់បាន​ចុះ​ហត្ថលេខាលើ​ញត្តិមួយ​​ មានខ្លឹមសារ​បរិហារ​ភាពលម្អៀងរបស់​លោក Gianni Infantino​។ តាមធម្មតា ក្នុងនាម​ជា​អគ្គនាយក FIFA លោក Infantino មានកាតព្វកិច្ច​ធានា​ឲ្យ​បាននូវអព្យាក្រឹតភាព និងសុភវិនិច្ឆ័យ ដោយគោរពតាមមាត្រា​១៥ នៃ​ក្រម​សីលធម៌របស់FIFA។ ការប្រកាសបរិហាររបស់អង្គការ FairSquare ក៏បានទទួល​ការគាំទ្រ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ប្រទេសន័រវែសដែរ​។ លោកស្រី Lise Klaveness នាយិកាសហព័ន្ធកីឡាបាល់ទាត់ន័រវែស បាន​លើកឡើងនៅខែកុម្ភៈថា រឿងរ៉ាវប្រគល់ពានរង្វាន់សន្តិភាពFIFA ទៅ​ឲ្យលោកដូណាល់ ត្រាំ ​វាគឺជារឿងមួយ​ស្មោគគ្រោក​គួរឲ្យរអើមណាស់។ គួរកត់សំគាល់ថា គិតត្រឹមពេលនេះ ពិភពកីឡាអន្តរជាតិ​ តួយ៉ាងដូចជា គណៈកម្មកាអន្តរជាតិ​អូឡាំពិក បានស្ងាត់មាត់​មិន​ស្តីបន្ទោសលើលោក Gianni Infantino ទេ ព្រោះថាលោក​អគ្គនាយកFIFA ក៏ជាសមាជិកម្នាក់ដ៏មានឥទ្ធិពលក្នុងគណៈកម្មការនេះដែរ។ ការរិះគន់បរិហារ ភាគច្រើនគឺចេញពី​អង្គការ និងពិភពនយោបាយ។ កាលពីចុងឆ្នាំ២០២៤ សមាជិកសភាអឺរ៉ុប៣០នាក់ បាន​ផ្ញើលិខិតតវ៉ា​​មួយ​ ទៅកាន់ FIFA បន្ទាប់​ពីFIFA បានសម្រេច​ប្រគល់ឲ្យទៅអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតWorld Cup នៅឆ្នាំ​២០៣៦។ សមាជិកសភាអឺរ៉ុប អះអាងថាការសម្រេចនេះគ្មានតម្លាភាពគ្រប់គ្រាន់ ព្រោះធ្វើឡើងក្នុងនីតិវិធីបន្ទាប់ ដោយគ្មានបេក្ខភាពប្រទេសផ្សេងមកប្រជែង។ លើសពីបញ្ហាតម្លាភាព សមាជិកសភាអឺរ៉ុបទាមទារឲ្យ​មានការធានាច្បាស់លាស់ ស្តីពីការគោរពសិទ្ធិមនុស្ស​ និងបញ្ហាប៉ះពាល់អវិជ្ជមាន​​ទៅលើ​បរិស្ថាន​។​ មកទល់ពេលនេះ ​FIFA មិនបានឆ្លើយតបពន្យល់អ្វីទាំងអស់ទៅនឹងលិខិតរបស់សមាជិកសភាអឺរ៉ុប​។ ការចោទប្រកាន់របស់អង្គការ FairSquare ស្តីពី​ភាពលម្អៀង​ស៊ំគ្រលំ​គ្នា​ រវាងលោក Gianni Infantino ជាមួយ​ថ្នាក់ដឹកនាំ​​ធំៗ ដូចជាលោកដូណាល់ ត្រាំ លោកពូទីន និង​ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ជាដើម ក៏មិនត្រូវបាន ​FIFA ឆ្លើយប្រតិកម្មដែរ។​ អ្នកវិភាគពិភពកីឡាអន្តរជាតិ បាន​លើកឡើងថា លោក Gianni Infantino កំពុងតែពុលនឹងអំណាចដ៏ធំមហិមារបស់ខ្លួន​។ លោកម្នាក់នេះ នឹងឈរឈ្មោះធ្វើជា​អគ្គនាយក​FIFA មួយអាណត្តិទៀត នៅខែមីនាឆ្នាំ​២០២៧។ តែទន្ទឹមគ្នានេះ កិត្តិយសមុខមាត់របស់​ FIFA កំពុងតែប្រឈមនឹង​ការអាប់ឱន​ បន្ទាប់ពីមាន​ពាក្យ​បណ្តឹងចំនួន​២ ត្រូវបានគេដាក់ទៅកាន់​គណៈកម្មការអឺរ៉ុប កាលពីខែមីនា​ ទីមួយពាក់ព័ន្ធនឹង​កាលវិភាគប្រកួត​អន្តរជាតិ​ចាប់ពីឆ្នាំ​២០២៤មក និង​មួយទៀតទាក់ទិនអត្រាតម្លៃសំបុត្រចូលទស្សនា​។ សំណុំរឿងធំៗទាំង២នេះ សុទ្ធតែអាចដាក់បន្ទុក​មកលើយុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​របស់FIFA៕

Audio and video play straight from the show's own hosting. PodSubs stores and serves no media.

Hosts and Guests

Nobody is credited on this episode yet.

Credit the people on this episode

Be the first to rate this episode

More episodes

All episodes
  1. អឺរ៉ុបមិនរំពឹងការផ្លាស់ប្តូរអ្វីច្រើនទេពីនយោបាយការបរទេសរបស់លោក ត្រាំ

    Nov 5, 20265 minAudio

    បរាជ័យយ៉ាងធ្ងន់ធ្ងររបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតសភាអាមេរិក​ពាក់កណ្តាលអាណត្តិ ពុំមានន័យថា ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងអឺរ៉ុប នឹងប្រសើរឡើងនោះទេ។ ប្រឈមនឹងស្ថានភាពថ្មី​ដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាខុនហ្ក្រេស...

    Credit the people on this episode

  2. ប្រទេសកូរ៉េបងប្អូនទាំង២ ចាប់ផ្តើមប្រកួតប្រជែងសព្វាវុធអ៊ីពែសូនិកដ៏គ្រោះថ្នាក់

    Oct 13, 20266 minAudio

    កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងត្បូងបាន​បាញ់​បង្ហោះសាកល្បង​ នូវមីស៊ីល​​អ៊ីពែសូនិក ដំបូងបង្អស់ ដែល​ផលិតនៅលើទឹកដី​កូរ៉េខាងត្បូងដោយ​ផ្ទាល់​។ ការសាកល្បងនេះ​ គឺបាន​​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីកូរ៉េខាងជើង...

    Credit the people on this episode

  3. នៅមហាសន្និបាតអ.ស.ប. លោកម៉ាក្រុងថ្លែងការពារច្បាប់អន្តរជាតិ ខណៈលោកត្រាំថ្លែងការពារតែប្រយោជន៍ជាតិឯង

    Sep 23, 20267 minAudio

    អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់​ផ្តើម​នៅថ្ងៃពុធទី​២២កញ្ញា ជាមួយ​នឹងសុន្ទរកថា​របស់​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ ដែល​បានអំពាវនាវ​ឲ្យ​គោរពច្បាប់អន្តរជាតិ និងការសហការ​រវាងប្រទេសធំដោះស្រាយបញ្ហាចោទ...

    Credit the people on this episode

  4. Forbidden Stories៖ អាមេរិកជះប្រាក់ច្រើនរយលានដុល្លារ ដើម្បីបំបរបង់ចោលជនអន្តោប្រវេសន៍នៅប្រទេសទី៣

    Sep 21, 20267 minAudio

    រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចាប់បញ្ជូន​ជនបរទេស ចំនួន​ជាង​២៥០០០នាក់ យកទៅទុកចោល​​នៅប្រទេស​ទី​៣ ដែលគ្មាន​ទាក់ទងអ្វីសោះ​នឹង​ជននោះ។ នេះបើផ្អែកតាម​ របាយការណ៍អង្កេត​​​ស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន...

    Credit the people on this episode

  5. រដ្ឋចិនចាប់ផ្តើមត្រៀមខ្លួន បង្ការហានិភ័យបណ្តាលមកពី AI ឆ្លាតជ្រុលលែងស្តាប់បញ្ជាមនុស្ស

    Sep 16, 20266 minAudio

    ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការ​​ប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញ​នៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំ​​​បង្កឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជា​របស់​​មនុស្ស​។ ការទាញសញ្ញាអាសន្ននេះ​...

    Credit the people on this episode