Skip to content
PodSubs
ShowsPeopleGuestsJobsNewsEvents
More
BlogPodCred
Menu
ShowsPeopleGuestsJobsNewsEventsBlogPodCredNetworksSign in
Join nowSign in
  • Shows
  • People
  • Jobs
  • News
  • More
    • Guests
    • Events
    • Blog
    • PodCred
    • Networks
    Join nowSign in

នាទីសុខភាពនិងអនាម័យ

នាទីសុខភាពនិងអនាម័យ artwork

ហេតុអ្វីចំនួនកុមារមីញ៉ូមភ្នែកកើនឡើងខ្លាំង ស្ទើរគុណនឹងបី ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ?

Oct 7, 20269 minAudio
ShareXLinkedInFacebookWhatsAppEmail

បើ​តាមការសិក្សា​អេស្ប៉ាញ​ទើប​ចេញ​ផ្សាយ​ នៅ​ខែ​កញ្ញា​២០២៦ មីញ៉ូមភ្នែក​ពិត​ជា​​ជំងឺមួយ ដែល​កំពុង​រាតត្បាត​​នៅ​លើ​ពិភពលោក។ កំណើន​កុមារអាយុ ពី​​៨ទៅ​១២​ឆ្នាំ​ មាន​ភ្នែក​មីញ៉ូម បាន​កើន​ឡើងយ៉ាង​​ខ្លាំងនិង​​គួរ​ឱ្យ​កត់​សម្គាល់។ កុំប្រហែសមើលស្រាល​ជំងឺ​មីញ៉ូមភ្នែករបស់កុមារឱ្យសោះ ព្រោះផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំង ​នៅ​ពេល​ចាស់។ គ្មាន​អ្វី​ប្លែក​ទៀត​ឡើយ នៅ​ពេល​ឃើញ​ក្មេង​ពាក់​វែនតា។ នៅ​ឆ្នាំ​២០៥០ មនុស្សពាក់​កណ្តាលផែន​ដី​នឹង​ពាក់វែនតា មីញ៉ូម។ ប៉ុន្តែ​កំណើន​ករណីមីញ៉ូមភ្នែក មាន​សន្ទុះខ្លាំង ពិសេស​ ក្នុង​ចំណោម​កុមារ។ ដូច្នេះ​ប្រសិន​បើ​កូនមក​ពីសាលា​រៀន​វិញ ថ្នូរ​ថា​ឈឺក្បាល ថ្នូរ​ថាលោក​គ្រូ អ្នកគ្រូ ​សរសេរមិនច្បាស់នៅ​លើ​ក្តារខៀន​ ឬ​ធ្វើ​ភ្នែក​មីៗ នៅ​ពេល​មើល​ឆ្ងាយ​ ... កូនៗរបស់​អ្នក​​ប្រហែល​ជា​មាន​ជំងឺ​មីញ៉ូប និង​ត្រូវ​ការ​ពាក់​វែនតា​ហើយ។ ហើយ​ត្រូវ​តែបង្កើន​ការ​​ប្រុង​ប្រយ័ត្នបន្ថែម​ទៀត បើ​កូន​នៅកំពុង​មាន​អាយុ​ពី​៨​ទៅ ១២​ឆ្នាំ។ មីញ៉ូបជា​ជំងឺ​រាតត្បាតថ្មី ​ការសិក្សា​របស់អ្នកស្រាវជ្រាវ​​អេស្ប៉ាញ ទើប​ចេញផ្សាយ​នៅ​ខែកញ្ញា ក្នុង​ទស្សនាវដ្តី​Ophthalmic and Physiological Optics បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អត្រា​កុមារ​មាន​ជំងឺ​មីញ៉ូម ក្នុង​វ័យ​ពី​៨​ទៅ​១២​ឆ្នាំ​នេះ បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដល់​ទៅ​ប្រមាណ​ជិត​បីដង​ ពោលគឺពី​១២,៣%​ទៅ​២៨,៧%។ នៅ​ប្រទេសបារាំង ទិន្នន័យ​សិក្សា​អេពីដេមីសាស្ត្រ​ចុងក្រោយ ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០២១ ក្នុង​ទស្សនាវដ្តី le British Journal of Ophtalmology ​ក៏​បាន​បញ្ជាក់​ដូច​គ្នា​ថា គឺ​ក្មេង​ក្នុង​វ័យ​នេះហើយ​​ដែល​មាន​ការ​លូត​លាស់​ជំងឺ​មីញ៉ូម​លឿន​ខ្លាំងជាង​គេ ព្រោះ​ជា​វ័យ​ដែលកុមារពេញ​​លូត​ខ្លាំង។ នៅ​ពេល​ក្មេង​ចាប់​លូត​ធំ ឆ្អឹង​និង​គ្រាប់​ភ្នែក​ក៏​ចាប់​លូត​វែង និង​រីកធំ​ដែរ។ ហើយ​ភ្នែកដែលមីញ៉ូប គឺ​ជា​ភ្នែកដែលមានទម្រង់វែង​និង​ធំ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pr Nicolas Leveziel ប្រធាន​ផ្នែក​ចក្ខុ​វិទ្យា​នៅ​មន្ទីរពេទ្យ​CHU Poitiers។ កាលណា​​គ្រាប់​ភ្នែក​លូត​វែង​ជ្រុល ជាផលវិបាក​ រូបភាព​មើល​ឃើញ​មិនផ្តិត​​នៅ​លើ​ប្រសី​នៅ​បាត​ភ្នែក​ ដូច​អ្នក​មាន​​ភ្នែកជា​​​ល្អ​ធម្មតា​ទេ តែ​នៅ​ខាង​មុខ​ប្រសី​ភ្នែក ទើប​បាន​ជា​អ្នក​មីញ៉ូម​មិនអាចមើល​​ឆ្ងាយ​បានឃើញ​ច្បាស់​នោះ។ ជា​ទូទៅ មូលហេតុ​ចម្បង​ទីមួយ​ដែលនាំឱ្យ​ភ្នែក​មីញ៉ូប គឺ​កត្តាពូជ។ មានម្តាយ​ឬ​ឪពុក​មីញ៉ូម នោះ​កូនក៏​ងាយ​ជួប​គ្រោះ​មាន​ជំងឺមីញ៉ូប​ដែរ។ ហើយ​បើ​ម្តាយ​និង​ឪពុក​សុទ្ធ​តែមីញ៉ូបទាំងពីរ​នាក់ នោះលទ្ធភាព​​មីញ៉ូមរបស់​កូនៗ នឹងកើន​ឡើង​មួយ​ជា​បី​យ៉ាង​តិច និង​អាច​ដល់៨​ដង​លើស​ក្មេង​គ្មាន​ឪពុកម្តាយ​មីញ៉ូមឯណោះ។ តែ​កំណើន​ករណី​ភ្នែក​មីញ៉ូប ដ៏ខ្ពស់​និង​លឿន​ខ្លាំង​ក្នុង​វ័យ​កុមារ អាច​បណ្តាល​មក​ពីកត្តា​ដែល មិនពាក់ព័ន្ធ​នឹង​ពូជ។ កាលពីមុន​ក្មេង​កើតមីញ៉ូប​ច្រើន​នៅពេល​ចូល​ដល់​វ័យ​សិក្សាថ្នាក់មហាវិទ្យាល័យ ជានិស្សិត ដែល​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​អាន ក្នុង​ការ​សិក្សា។ ជា​មីញ៉ូបនិស្សិត។ តែពេល​នេះ មីញ៉ូប​និស្សិត​ក្លាយជា​មីញ៉ូបសិស្ស មីញ៉ូបកុមារ​និងក្មេង​ជំទង់ ដែល​វក់​ខ្លាំង​នឹង​អេក្រង់។ នៅ​ពេល​អាន នៅពេល​មើល​ទូរស័ព្ទ ចំណុចប្រសព្វ​នៃ​ភ្នែក​ផ្តោត​មើល​​លើរយៈចម្ងាយ​ខ្លី​។ ធ្លាប់​តែមើលជិតយូរៗ​ទៅ​ ភ្នែក​មាន​ទម្លាប់ប្រឹង​មើល​តែ​របស់​ជិតៗ ក្លាយ​ជា​ភ្នែក​ខ្ជិល បាត់​បង់​ទម្លាប់​ប្រឹង​មើល​ឆ្ងាយ។ បន្ទាប់​មក​ទៀត កុមារជំនាន់​ថ្មី ចំណាយ​ពេលវេលា​តិច​តួច​ណាស់​ សម្រាប់​រត់​លេង​នៅ​ក្រៅ​ផ្ទះ នៅ​ទីលាន​ ទីវាល។ នៅ​ពេល​ក្មេងបាន​​រត់​​លេងនៅ​​ក្រៅ​ផ្ទះ នៅក្នុង​សួន ក្នុង​កន្លែងក្មេងលេង ក្មេង​អាច​មើល​អ្វីៗ​ដែល​នៅ​ឆ្ងាយ មើលសត្វស្លាប​ហោះហើរ មើលវត្ថុ​នៅ​លើមេឃ​ មើល​ព្រៃព្រឹក្សា ។ល។ គឺ​ ជា​ការ​បង្ហាត់​ភ្នែក​ឱ្យ​ប្រឹង​មើល​ឆ្ងាយ​ផង និងជា​ឱកាស​ផលិត​ជាតិ​អរមូន​ដួប៉ាមីន​។ អរមូនដូប៉ាមីននេះ​មាន​សកម្មភាព​លើ​ភ្នែក ដោយ​ទៅ​រារាំង​មិន​ឱ្យ​គ្រាប់​ភ្នែក លូតដុះវែងទេ។ ដូច​និយាយ​ពី​ខាង​ដើម មក​ពី​​​គ្រាប់​ភ្នែក​លូត​វែង ទើប​មានរោគមីញ៉ូប។ ក្មេង​នៅ​រត់​លេង​ខាង​ក្រៅ​ផ្ទះ​កាន់តែ​យូរ​ ភ្នែក​ផលិត​អរមូនដូប៉ាមីន​កាន់តែ​ច្រើន​ដែរ ហើយ​មិន​សូវ​លូត ជំងឺ​មីញ៉ូប​ក៏​លែង​សូវមាន។ ប៉ុន្តែ​បច្ចុប្បន្ននេះ ក្មេង​ជក់​នឹង​ទូរស័ព្ទ អេក្រង់​ មិនចង់​ចេញ​ទៅ​រត់​លេង​នៅ​ក្រៅ​ផ្ទះ​ នៅ​ឧទ្យានទេ។ ជា​លទ្ធផល​ចំនួន​កុមារមីញ៉ូប កើន​ឡើង​ជា​លំដាប់​និង​យ៉ាង​លឿន។ ដើម្បី​ទប់​ស្កាត់​បាតុភូតមីញ៉ូបកុមារ ត្រូវ​ការពារ​ភ្នែកកូនដោយ​វិធីសាស្ត្រ​ពីរ​យ៉ាង​សំខាន់ៗ​ គឺ​ទីមួយ ត្រូវ​ឱ្យ​ក្មេង​ចេញ​លេង​នៅ​វាល​ខាង​ក្រៅ​ រត់​បញ្ចេញសកម្មភាព​កាយ​សម្បទា ត្រូវ​ពន្លឺថ្ងៃ ត្រូវ​ខ្យល់ ​យ៉ាងហោច​ណាស់​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​កាត់​បន្ថយ​ ឬ​កំរិត​រយៈ​ពេល​លេង​ទូរស័ព្ទ នៅ​មុខ​អេក្រង់ និង​បើ​អាច​ ត្រូវ​ដាក់​​អេក្រង់​នៅ​ឆ្ងាយ​ពី​ភ្នែក។ មីញ៉ូបខ្លាំង​ឡើង​ជា​លំដាប់ សូម​កុំ​មើល​ស្រាល​ជំងឺ​មីញ៉ូប ដោយ​គិត​ថា​នាំ​កូន​ទៅរក​វែនតាពាក់ ជា​ការស្រេច។ បន្ថែម​ពី​លើ​កាត់​វែនតា​តម្រូវ​ភ្នែកមីញ៉ូបឱ្យ​​កូន​ហើយ ដើម្បី​ផាសុខភាព​របស់​កូន អ្នក​ជា​ឪពុកម្តាយ​ចាំបាច់​ត្រូវ​ដឹង​អំពី​ប្រភេទ​ជំងឺ​មីញ៉ូបរបស់​កូន​ទៀត។ ជំងឺភ្នែកមីញ៉ូបរបស់​កុមារ​អាច​មាន​ពីរ​ទម្រង់។ ទីមួយ​គឺ​កំរិត​ដឺក្រេមីញ៉ូប របស់​កូន​មិនប្រែប្រួល​ ក្នុង​រយៈ​ពេល​យូរ ប្រមាណមួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ។ នេះ​ជាករណី​មីញ៉ូបស្រាល ដែល​គ្មាន​អ្វីគួរឱ្យ​ព្រួយបារម្ភ តែ​ត្រូវ​តាមដាន​សុខភាព​ភ្នែក​របស់​កូន​ជារៀង​រាល់មួយ​ឆ្នាំ​ម្តង​ឱ្យ​បាន​ទៀងទាត់។ ករណីទីពីរ កុមារ​មាន​ជំងឺ​មីញ៉ូប​ដែល​វិវឌ្ឍ ខ្លាំង​ឡើង​ជា​លំដាប់។ មួយ​ឆ្នាំឡើង​កន្លះឬ​១​លេខ។ កុមារ ​មានមីញ៉ូបកំរិត-១ នៅ​អាយុ៦​ឆ្នាំ អាច​ឡើង​ដល់​-១០​ នៅពេល​ចូល​វ័យជំទង់។ មីញ៉ូបចាប់​ពី កំរិត​៦​ឡើង​ទៅ គេ​ហៅ​ថា​ជា​ជំងឺ​មីញ៉ូបធ្ងន់ធ្ងរ​ហើយ។ ហើយ​ក្នុងករណី​នេះ ការការពារសុខភាព​ភ្នែក​ឱ្យ​កូន​មិនមែន​ត្រឹម​ដើម្បី​បាន​ “មើល​ឃើញ​ច្បាស់​” មួយ​មុខ​ទេ។ “មីញ៉ូប​មិនមែន​គ្រាន់​តែ​ជា​បញ្ហា​មើលមិនឆ្ងាយ​មិន​ច្បាស់​ហើយ​ត្រូវ​កែដោយពាក់​វែនតាទេ។​ មីញ៉ូប គឺ​ជា​ជំងឺ​ដ៏​ពិតៗ​ជាក់​ស្តែង​មួយ។ បើកុមារមីញ៉ូបកាន់​តែ​ខ្លាំង ហានិភ័យ​មានផលវិបាក​ចំពោះ​សុខភាព​ភ្នែក មាន​កាន់តែ​ខ្លាំង​ នៅ​​ធំពេញ​វ័យ។ ហានិភ័យ​ខ្លាំង​ជាង​គេ​គឺ​គ្រោះ​ងងឹតភ្នែក​តែម្តង។ នេះ​បើ​តាម​ពាក្យ​ដាស់​តើន​ របស់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Dominique​ Brémond-Gignac ប្រធា​ន​សមាគម​មីញ៉ូបអឺរ៉ុប ដោយ​ពន្យល់​ថា នៅពេល​គ្រាប់​ភ្នែក​លូត​ធំជ្រុល​ ប្រសីភ្នែក និង​រចនា​សម្ព័ន្ធក្តោបគ្រាប់​ភ្នែក​ទាំងមូល ត្រូវ​ទាញ​យារ​ខ្លាំង​ខុស​ប្រក្រតី ដែល​មិនអាច​ទ្រទ្រង់បាន​យូរ។ គ្រាន់តែ​មានអាយុ៣០-៤០​ ស្រាប់​តែ​លេច​ជំងឺ​ភ្នែក​ឡើង​បាយមុនអាយុ Cataracte glaucome ដាច់​របើកប្រសីភ្នែក និង​ជំងឺ​ភ្នែកមួយ​ចំនួន​ផ្សេងៗ​ទៀត។ វិធី​ទប់ស្កាត់ និង​ព្យាបាល​ជំងឺមីញ៉ូបកុមារ និយាយបែបនេះ​មិនមែន​ជាការបំភ័យ​ទេ។ តែ​ជា​សំណាង​ល្អ វេជ្ជសាស្ត្រ​មាន​មធ្យោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​វិធី​ទប់ស្កាត់​ជំងឺ​មីញ៉ូប​កុមារ និង​រារាំង​មិនឱ្យ​កុមារ​ធ្លាក់​ខ្លួន​ឈឺ​មីញ៉ូប​កំរិត​គ្រោះថ្នាក់បាន។ ប្រទេស​បារាំង​មានសំណើ​ព្យាបាល​ច្រើនយ៉ាងដែល​សម្រេច​ដោយ​គ្រូពេទ្យ​ឯកទេស​ភ្នែក។ ពាក់វែនតា​ដែល​មាន​កញ្ចក់​ពិសេស​ មើល​ពី​ក្រៅ​ឃើញ​ដូច​កញ្ចក់​វែនតាមីញ៉ូបធម្មតា​ តែ​ឌីសាញ​ខាង​ក្នុង​កញ្ចក់​ មាន​ស្នូល​កណ្តាលពីរបី​មីល្លីម៉ែត្រ​ សម្រាប់​កែ​ទាំងស្រុង ហើយ​នៅ​ជុំ​វិញ​ជា​តំបន់​បញ្ចាំងរូប​នៅមុខ​ប្រសី។ កញ្ចក់វែនតា​ពិសេស​នេះ​អាច​​ជួយ​ទប់​ការ​វិវឌ្ឍ​នៃ​ភាព​មីញ៉ូបបាន។ លទ្ធភាពព្យាបាល​មួយ​ទៀត គឺ ការ​ប្រើ​ថ្នាំ​ជា​តំណក់​ទឹក ច្របាច់​ដាក់ក្នុង​​ភ្នែក​ជា​រៀង​រាល់​ល្ងាច តែ​ថ្នាំ​ប្រភេទ​នេះ មាន​ប្រើ​តែ​ក្នុង​មន្ទីរពេទ្យ​ទេ។ គេ​ត្រូវ​រង់ចាំ​បន្តិចទៀត​សិន មុន​នឹង​បានទទួល​ការ​អនុញ្ញាតឱ្យ​ថ្នាំ​នេះ​ធ្វើ​ចរាចរណ៍​តា​ម​ឱសថស្ថានទូទៅបាន។ ក្នុង​ពេល​រង់ចាំ​ ទទួល​បាន​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​អនុគ្រោះ​សម្រាប់​ស្ទើរ​គ្រប់​កុមារ និង​ទប់​ជំងឺមីញ៉ូបាន​ពី​​៦០ទៅ​៨០%​ គេអាច​កាត់​បន្ថយ​គ្រោះ​មីញ៉ូបភ្នែក​ ដោយ​ការ​ប្តូរ​ផ្លាស់​ទម្លាប់​រស់នៅ​របស់​កុមារ។ ដោយ​ផាត់កត្តាពូជ​ចេញ គេ​អាច​ការពារ​ជំងឺ​មីញ៉ូប​ដោយ​លុប​បំបាត់​កត្តា​ហានិភ័យ​ក្រៅ​ខ្លួន ដោយ​ទម្លាប់​កូន​តាំង​ពី​តូច​ខ្ចី ឱ្យរត់លេង​ ធ្វើ​កីឡា នៅ​ក្រៅ​ផ្ទះ ឱ្យ​បាន​យូរ ដើម្បី​បាន​ត្រូវ​ពន្លឺ​ថ្ងៃ ដែល​ជះ​ឥទ្ធិពល​ខ្លះ​ទៅលើ​ការ​លូត​លាស់​នៃ​គ្រាប់​ភ្នែក។ កាត់​បន្ថយ​ និង​កំរិត​ពេល​ម៉ោង​នៅ​មុខ​អេក្រង់ ដោយ​ចង​ចាំ​ថា មួយ​ម៉ោង​នៅមុខ​អេក្រង់ក្នុង​មួយថ្ងៃ បង្កើន​គ្រោះ​មីញ៉ូប២០%។ បន្ទប់​គេង កន្លែង​រៀន និង​អាន​​របស់​កូន​មាន​ពន្លឺ​ច្រើន​គ្រប់គ្រាន់ ហើយ​ត្រូវ​ធានា​ថា​កុមារ​បាន​គេង​គ្រប់​ម៉ោង និង​យ៉ាងទៀង​ទាត់៕

Audio and video play straight from the show's own hosting. PodSubs stores and serves no media.

Hosts and Guests

Nobody is credited on this episode yet.

Credit the people on this episode

Be the first to rate this episode

More episodes

All episodes
  1. ឈប់បរិភោគ ស្ករ អាចបង្ការជំងឺទឹកនោមផ្អែមបាន ?

    Nov 19, 202610 minAudio

    ទឹកនោមផ្អែមប្រភេទទីពីរ ជា ជំងឺដែល មានលេចឡើងញឹកញាប់ និង កាន់តែច្រើនឡើង នៅលើ ពិភពលោក។ ទឹកនោមផ្អែម​សម្គាល់​ដោយ​អត្រា​ជាតិ​ស្ករ ក្នុង​ឈាម​ឡើង​ខ្ពស់។ ដូច្នេះបើ​គេ​បញ្ឈប់​ការ​បរិភោគ​ស្ករ...

    Credit the people on this episode

  2. ហេតុអ្វីត្រូវចាក់ថ្នាំបង្ការគ្រុនផ្តាសាយ ជារៀងរាល់ឆ្នាំ?

    Nov 11, 20268 minAudio

    ក្នុង​មួយ​ឆ្នាំៗ​ មាន​មនុស្ស​រាប់​លាន​នាក់ រត់​រក​ពេទ្យ​ដើម្បី​ពិគ្រោះ​ជំងឺ​គ្រុនផ្តាសាយ។ មិនមែន​ជា​ជំងឺ​ធ្ងន់​មែន ប៉ុន្តែផ្តាសាយ​បាន​ឆក់​យក​ជីវីត​មនុស្ស​អស់​ច្រើន​នាក់​ណាស់​ក្នុង​មួយឆ្នាំៗ...

    Credit the people on this episode

  3. ហេតុអ្វីមិនឱ្យទារកក្រោមអាយុ៦ខែ ផឹកទឹក?

    Nov 4, 20269 minAudio

    នៅក្នុង​បណ្តាញ​សង្គម​Tik Tok គ្រូពេទ្យ​អង់គ្លេស​ម្នាក់​បាន​បង្ហោះ​ផ្សាយ​ថាការ​ផ្តល់​ទឹក​ឱ្យ​ទារក​ក្រោម​អាយុ​៦​ខែ អាច​បង្កគ្រោះថ្នាក់​ដល់​ជីវិត​ដល់​ទារក​នោះ។ តើការ​ផ្សព្វផ្សាយ​នេះ​ពិត​ជា​ត្រឹមត្រូវ​ដែរឬទេ?...

    Credit the people on this episode

  4. កង្វះវីតាមីន B អាចប៉ះពាល់ដល់សុខភាពខួរក្បាល?

    Oct 31, 20268 minAudio

    ​សរីរាង្គកាយ​មនុស្ស​ត្រូវ​ការ​វីតាមីន​ច្រើន​មុខ​ណាស់។ វីតាមីន-A ចាំបាច់​សម្រាប់​ភ្នែក។ វីតាមីន C មាន​សកម្មភាព​អង់ទី​អុកស៊ីដង់។ វីតាមីន​ D ជា​សម្ព័ន្ធមិត្ត​របស់​ឆ្អឹង​និង​សាច់ដុំ។ ចុះ​វីតាមីន B មាន​តួនាទីអ្វី?...

    Credit the people on this episode

  5. ការងារពេលយប់ ជាភ្នាក់ងារអាចបង្កជំងឺមហារីកសុដន់?

    Oct 25, 20268 minAudio

    មហារីកសុដន់ ជា​ជំងឺ​មហារីក​ស្ត្រី​ដែល​មាន​កើត​ច្រើន​ញឹកញាប់ ជាងគេ និង ផ្តាច់ជីវិត​មនុស្ស​ស្រី​ច្រើន​ជាងគេ បើប្រៀបធៀប​ទៅ​នឹង​ជំងឺ​មហារីក​ផ្សេង​ទៀត។ មាន​ភស្តុតាង​វិទ្យាសាស្ត្រ​កាន់តែ​ច្រើន​ឡើងៗ...

    Credit the people on this episode