ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកត្រាំថា ចិនអាមេរិក និងរុស្ស៊ីកំពុងបើកជំនួបត្រីភាគីជាប្រវត្តិសាស្រ្ត
ដូចការរំពឹងទុក មេដឹកនាំរបស់មហាអំណាចចិន អាមេរិក និងប្រធានាធិបតីរុស្ស៊ីបើកជំនួបកំពូលត្រីភាគីនៅថ្ងៃព្រហស្បតិ៍នេះ នៅក្រៅក្របខ័ណ្ឌនៃកិច្ចប្រជុំAPECក្នុងទីក្រុងបច្ចេកវិទ្យាស៊ិនចិនភាគអាគ្នេយ៍ប្រទេសចិន។ ហេតុអ្វីពិភពលោកទន្ទឹងតាមដានមើល ជំនួបត្រីភាគី មេដឹកនាំចិន រុស្ស៊ី និងអាមេរិក? ជំនួបត្រីភាគីចិនអាមេរិក និងរុស្ស៊ី នៅទីក្រុងស៊ិនចិននៅថ្ងៃព្រហស្បតិ៍នេះ មានរយៈពេលប្រមាណ ១ម៉ោងនិង ២០នាទី។ នៅក្នុងជំនួបកំពូលត្រីភាគីមិនធ្លាប់ពីមុនមក មេដឹកនាំប្រទេសទាំងបី លោកដូណាល់ ត្រាំ លោកស៊ី ជីនពីង និងលោកវ្ល៉ាឌីមៀរ ពូទីនបានបង្ហាញភាពស្និទ្ធស្នាល ញញឹមរាក់ទាក់ដាក់គ្នា ទាំងរុស្ស៊ី និងចិន ជាគូប្រជែង និងសត្រូវរបស់អាមេរិកកន្លងមក។ ថ្លែងទៅកាន់មេដឹកនាំ ចិន និងរុស្ស៊ី នៅពេលជំនួបកំពូលត្រីភាគីត្រូវធ្វើឡើងដោយបិទទ្វារ លោកត្រាំបាននិយាយថា លោក លោកស៊ី ជីនពីង និងលោកពូទីនកំពុងសរសេរប្រវត្តិសាស្រ្ត។ ដោយលើកនិយាយយ៉ាងខ្លីថា លោកនឹងនិយាយបញ្ហាសង្រ្គាមអ៊ុយក្រែនជាមួយមេដឹកនាំទាំងពីរ លោកត្រាំបន្ថែមថា រុស្ស៊ី ចិន អាមេរិក ជាមហាអំណាចបីគត់ក្នុងលោកដែលត្រូវកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរក្នុងពិភពលោក។ ទូរទស្សន៍រដ្ឋចិនវិញបានស្រង់សំដីរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីងដែលបានបន្លឺបន្តពីលោកត្រាំ ដែលថា នៅក្នុងជំនួបជាលើកទី១នៅក្នុងប្រវត្តិសាស្រ្ត មេដឹកនាំចិន រុស្ស៊ី និងអាមេរិក គួររួមគ្នារក្សាសន្តិភាពពិភពលោក។ ពីចំណែកខាងខ្លួន ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានលើកឡើងពីការទទួលខុសត្រូវរបស់ប្រទេសធំៗទាំងបី ដើម្បីសន្តិភាព និងសន្តិសុខជាតិ។ ការទន្ទឹងចង់បានរបស់ភាគីនីមួយៗនៅក្នុងជំនួបកំពូលត្រីភាគី នៅស៊ិនចិន សង្រ្គាមនៅអ៊ុយក្រែន សង្រ្គាមអ៊ីរ៉ង់ ជម្លោះពាណិជ្ជកម្ម ការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ជាសំណុំរឿងដែលមេដឹកនាំអាមេរិក ចិន និងរុស្ស៊ីជជែកគ្នានៅក្នុងជំនួបត្រីភាគីនៅស៊ិនចិន។ គេរំពឹងថា សង្រ្គាមអ៊ុយក្រែនជាប្រធានរឿងនាំមុខគេ ព្រោះថា ជំនួបកំពូលត្រីភាគីចេញមកពីគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីនដែលបានសំណូមពរចង់ឲ្យចិនរៀបចំ នៅក្នុងឱកាសដែលចិនធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ជាក់ស្តែង នៅពេលបើកជំនួបកំពូលភ្លាម លោកពូទីនបាននិយាយថ្លែងអំណរគុណចិន ជាពិសេសលោកស៊ី ជីនពីងដែលបានប្រមូលផ្តុំគ្នារវាងប្រទេសមហាអំណាច៣ដែលសុទ្ធសឹងជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បើតាមលោកពូទីន ប្រទេសទាំងបីមានផលប្រយោជន៍រួម ទាក់ទងនឹងដំណោះស្រាយបញ្ចប់ជម្លោះក្នុងតំបន់ និងជាពិសេសសង្រ្គាមអ៊ុយក្រែន។ រុស្ស៊ីប្រាថ្នាចង់ឲ្យមានជំនួបកំពូលជាមួយមហាអំណាចចិន និងអាមេរិក ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ដែលបានអូសបន្លាយពេលជាង៤ឆ្នាំមកហើយ។ នៅក្នុងជំនួបត្រីភាគីជាមួយប្រធានាធិបតីចិន និងអាមេរិក លោកពូទីនសង្ឃឹមអូសទាញមេដឹកនាំរបស់ប្រទេសមហាអំណាចធំទាំងពីរក្នុងលោក ឲ្យមកនៅឈរខាងខ្លួន យល់ស្របទៅតាមការទាមទារចង់បានរបស់រុស្ស៊ី ជាពិសេស ការកាត់ទឹកដីដែលហុចប្រយោជន៍ច្រើនដល់រុស្ស៊ី។ សង្រ្គាមអ៊ុយក្រែនជារឿងមួយដែលលោកត្រាំចង់និយាយជាមួយភាគីចិន និងរុស្ស៊ី។ ប៉ុន្តែ រឿងធំដែលលោកត្រាំចង់ផ្តោតសំខាន់ គឺសង្រ្គាមអ៊ីរ៉ង់ និងបញ្ហាអាវុធនុយក្លេអ៊ែរ។ លោកត្រាំចង់ឲ្យចិន និងរុស្ស៊ីដាក់សម្ពាធលើអ៊ីរ៉ង់ ព្រោះថា ប្រទេសទាំងពីរបានគាំទ្រទាំងហិរញ្ញវត្ថុ និងសព្វាវុធ បច្ចេកវិទ្យាជួយអ៊ីរ៉ង់ ដើម្បីមានសមត្ថភាពវាយបកលើអាមេរិក។ មួយវិញទៀត លោកត្រាំចង់ទាមទារឲ្យចិនកាត់បន្ថយការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ តាមរយៈចូលរួមក្នុងសន្ធិសញ្ញាកាត់បន្ថយការសាយភាពអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ ចិនទំនងមិនព្រមធ្វើតាមអាមេរិកនោះទេ ព្រោះចិនមានក្បាលគ្រាប់នុយក្លេអ៊ែរតិចនៅឡើយ ពោលគឺអាចតាមទាន់អាមេរិក នៅរវាង១០ឆ្នាំទៀតឯណោះ។ ជំនួបមេដឹកនាំចិន រុស្ស៊ី និងអាមេរិកបានធ្វើឲ្យគេនឹកទៅដល់សន្និសីទយ៉ាល់តា នៅគ្រីមេកាលពីឆ្នាំ១៩៤៥។ សន្និសីទយ៉ាល់តា នៅគ្រីមេ កាលពីខែកុម្ភៈឆ្នាំ១៩៤៥ ធ្វើឡើង នៅពេលជិតចប់សង្រ្គាមលោកលើកទី២។ មេដឹកនាំចក្រភពអង់គ្លេស ប្រធានាធិបតីអាមេរិក និងមេដឹកនាំសហភាពសូវៀតបានជួបគ្នានៅក្នុងសន្និសីទយ៉ាល់តាដើម្បីពុះចែកតំបន់គ្នាគ្រប់គ្រង នៅក្រោយចប់សង្រ្គាម។ កាលណោះ មេដឹកនាំទាំងបីបានព្រមព្រៀងគ្នាពុះចែកប្រទេសអាល្លឺម៉ង់ជា ៤ចំណែក ដើម្បីចែកគ្នាកាន់កាប់ គឺអាមេរិកកាន់កាប់មួយចំណែក អង់គ្លេសមួយចំណែក សូវៀតមួយចំណែក ហើយចំណែកទី៤ ត្រូវបានទៅបារាំង។ នៅក្រោយពេលដែលសង្រ្គាមលោកលើកទី២ត្រូវបញ្ចប់ តំបន់អឺរ៉ុបត្រូវពុះខណ្ឌចែកជាពីរ គឺអឺរ៉ុបខាងកើតស្ថិតក្រោមការកាន់កាប់របស់សូវៀតកុម្មុយនិស្ត និងអឺរ៉ុបខាងលិចស្ថិតក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ អាល្លឺម៉ង់ណាហ្ស៊ីដែលជាសត្រូវរួមត្រូវដួលរលំ សហភាពសូវៀត និងសហរដ្ឋអាមេរិកក៏បង្វែរពីការសហការគ្នា ទៅជាការប្រកួតប្រជែងគ្នា ដើម្បីបង្កើនឥទ្ធិពលរៀងៗខ្លួន ដែលបង្កឲ្យមានការប្រណាំងប្រជែងផ្នែកសព្វាវុធ ទាំងគ្រឿងសព្វាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ការប្រណាំងប្រជែងគ្នាតាំងពីលើផែនដីរហូតដល់ទីអវកាស ព្រមទាំងការរុកគួនគ្នាបង្កើតឲ្យមានជាសង្រ្គាមស៊ីវិលនៅតាមបណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោក៕ គេប្រៀបប្រដូចជំនួបត្រីភាគីនៅស៊ិនចិនទៅនឹងសន្និសីទយ៉ាល់តា ក៏ព្រោះថា ចង់ ឬមិនចង់ ដោយផាត់ចោល ភាគីជម្លោះផ្ទាល់ដូចជា អ៊ុយក្រែន អឺរ៉ុប តៃវ៉ាន់ កូរ៉េខាងត្បូង មេដឹកនាំចិន អាមេរិក និងរុស្ស៊ីតាំងខ្លួនជាអ្នកសម្រេចអារកាត់បញ្ហាសន្តិសុខក្នុងពិភពលោក។ ឧទាហរណ៍ លោកពូទីនមានមហិច្ឆតា នៅអ៊ុយក្រែន និងអឺរ៉ុប។ ក្នុងនាមជាមេដឹកនាំរប្រទេសដែលមិនមែនជាមហាអំណាចដូចអាមេរិក និងចិន លោកពូទីនចង់ឲ្យគេទទួលស្គាល់ ផ្តល់ឋានៈស្មើនឹងមេដឹកនាំចិន និងអាមេរិក។ ចំណែក ប្រធានាធិបតីចិនលោកស៊ី ជីនពីងបាននិយាយប្រាប់អាមេរិកឲ្យគោរពអធិបតេយ្យភាពរបស់ចិន នៅពេលនិយាយពីរឿងតៃវ៉ាន់ និងនៅអាស៊ីប៉ាស៊ីហ្វិក។ ដោយបំបាក់សម្ព័ន្ធអាត្លង់ទិកអឺរ៉ុបអាមេរិក រុញអឺរ៉ុបឲ្យស្ថិតក្រោមឥទ្ធិពលរបស់រុស្ស៊ី ចិនស្រួលគ្រប់គ្រងពិភពលោក ដរាបណា រុស្ស៊ីនៅតែត្រូវការចិន ព្រោះតែផុងខ្លួនក្នុងសង្រ្គាមអ៊ុយក្រែន។ -លោកដូណាល់ត្រាំចង់បានជាមេដឹកនាំគេ គ្រប់គ្រងភាគខាងលិចនៃផែនដី។ លោកត្រាំចង់ធ្វើជាអ្នកផ្សះផ្សាពិភពលោក ចង់ឲ្យមានកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងអាវុធ ដើម្បីយកស្នាដៃប្រចាំអាណត្តិដឹកនាំរបស់ខ្លួន។ ជំនួបត្រីភាគីចិនអាមេរិក និងរុស្ស៊ី ល្អតែរូប តែគ្មានខ្លឹមសារ ជំនួបត្រីភាគីបានបិទបញ្ចប់ទៅ ដោយគ្មានការចេញសេចក្តីថ្លែងការណ៍រួមជាផ្លូវការណាមួយ។ ជំនួបកំពូលអាមេរិក ចិន និងរុស្ស៊ីនឹងគ្មានផ្តល់លទ្ធផលជាផ្លែផ្លា។ នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ។ ជំនួបកំពូលរវាងមេដឹកនាំស៊ី ជីនពីង លោកដូណាល់ ត្រាំ និងលោកពូទីន គ្រាន់តែល្អមើលតែរូប បង្កើតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ប៉ុន្តែ គ្មានខ្លឹមសារ។ យ៉ាងណាក៏ដោយ វាអាចជាការចាប់ផ្តើម ជាចំណុចវិជ្ជមានដែលបង្ហាញថា មេដឹកនាំរបស់ប្រទេសដែលធ្លាប់ជាសត្រូវ គូប្រជែងគ្នា បានចូលតុពិភាក្សាគ្នា។ អ្នកដែលចំណេញច្រើនជាងគេពីជំនួបកំពូលត្រីភាគី គឺ លោកពូទីន ព្រោះថា ជំនួបកំពូលតែជាមួយមហាអំណាចធំៗទាំងពីរ ចិន និងអាមេរិក គឺជាការប៉ងចង់បានជាយូរណាស់មកហើយរបស់មេដឹកនាំរុស្ស៊ី។ លោកពូទីនចង់បង្ហាញថា នៅក្នុងពិភពលោក មានតែមហាអំណាចបីនេះទេដែលជាអ្នកចាត់ចែង ពុះបែងចែកដែនឥទ្ធិពលគ្នាក្នុងពិភពលោក។ ចំពោះភាគីរុស្ស៊ី នេះជាជោគជ័យការទូតដ៏ធំធេងមួយរបស់លោកពូទីន។ លោកពូទីនចង់បង្ហាញថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីដែលធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន គ្មានប្រសិទ្ធភាព ហើយមិនអាចដាក់រុស្ស៊ីឲ្យនៅឯកោ។ នៅទីបំផុត លោកពូទីននៅតែជាតួអង្គសំខាន់ចូលក្នុងតុពិភាក្សាជាមួយមេដឹកនាំមហាអំណាចដ៏ធំទាំងពីរអាមេរិក និងចិន។ ប៉ុន្តែ អ៊ុយក្រែន និងអឺរ៉ុបដែលជាភាគីពាក់ព័ន្ធផ្ទាល់ យល់ថា ជោគវាសនារបស់ពិភពលោកមិនអាចស្ថិតក្នុងកណ្តាប់ដៃរបស់មនុស្សតែ៣នាក់នោះទេ។ អឺរ៉ុប និងអ៊ុយក្រែន បានព្រមានទុករួចហើយថា មិនត្រូវមានការសម្រេចចិត្តណាមួយដែលធ្វើឡើងដោយគ្មានការចូលរួម យល់ព្រមពីភាគីអឺរ៉ុប និងអ៊ុយក្រែនដែលជាសាមីខ្លួនរងគ្រោះដោយសារការឈ្លានពានរបស់រុស្ស៊ីនោះទេ៕
Audio and video play straight from the show's own hosting. PodSubs stores and serves no media.

